
រាជធានីភ្នំពេញ ៖
មិនខុសពីការគ្រោងទុក កីឡាករកម្ពុជា វ៉ន វីវ៉ា
ពិតជាអាចដណ្តើមបានជោគជ័យគួរជាទីមោទនៈក្នុងការប្រកួតនៅលើ
សង្វៀនទូរទស្សន៍បាយ័ន ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ាននោះមែន
កាលពីរសៀលថ្ងៃសៅរ៍ ទី១០ ឧសភា ។ អ្វីដែលសំខាន់ គឺកីឡាករថៃ
ដែលត្រូវគេអះអាងថា
គ្រោងមកសងសឹកឱ្យជនជាតិខ្លួនដែលបានសន្លប់ក្រោមដៃ វ៉ន វីវ៉ា
កាលពីចុងខែមេសានោះ ក៏មកទទួលលទ្ធផលសន្លប់ដូចគ្នា ។
ក្នុងការប្រកួតរវាងកីឡាករវ៉ន វីវ៉ា
មកពីក្លិបព្រះខ័នរាជ និងកីឡាករ Lamphum Sor Kamsing
នៅលើសង្វៀនរោងសៀកនោះ គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ
ក្នុងពេលដែលកីឡាករកម្ពុជាបង្គោលក្រហមបានបង្ហាញថ្វីដៃភ្លាមៗ
ធ្វើឱ្យកីឡាករថៃ
ដែលមានបំណងចង់បានជ័យជម្នះប្រែក្លាយជាទ័លស្នៀតតាំងពីដើមទីចាប់
ផ្តើម ។
ក្នុងការប្រកួតលើកនេះ វ៉ន វីវ៉ា
ធ្វើឱ្យអ្នកទស្សនាស្រែកហ៊ោកញ្ជ្រៀវតែម្តង
ពិសេសគ្រប់ពេលដែលគេអាចប្រើកែងវាយត្រូវកីឡាករថៃពេញទំហឹង
ដែលមានន័យថា ក្បាច់គុន និងបច្ចេកទេសក្នុងការប្រកួតរបស់ វ៉ន
វីវ៉ា នៅតែខ្លាំង ហើយមិនធ្លាក់ក្រេឌីតទាល់តែសោះ។
បើធៀបនឹងការប្រកួតរបស់កីឡាករកម្ពុជា៣រូបផ្សេងទៀត
គេឃើញយ៉ាងច្បាស់ថា កីឡាកររូបនេះខ្លាំងក្លាជាងគេ
និងពិបាកឱ្យគូប្រកួត ពិសេសគឺកីឡាករថៃវាយសម្រុកចូលបាន ។
តាំងពីទឹកទី១ កីឡាករវ៉ន វីវ៉ា មិនទុកកណ្តាប់ដៃដូចជាម៉ាត់
កែង និងទាត់ឆ្វេងស្តាំជាដើមឱ្យទំនេរនោះឡើយ
ដោយបានបញ្ចេញឡើងអស់ពីសមត្ថភាពទៅលើកីឡាករថៃ Lamphum Sor Kamsing
បើទោះជាមើលឃើញយ៉ាងច្បាស់ថា បើគ្រាន់តែវាយបែបបណ្តែតៗ
ក៏ស៊ីផុយកីឡាករថៃរូបនេះដែរ ។
ចំណុចខ្លាំងរបស់ វ៉ន វីវ៉ា
គឺវាយខ្លាំងដោយមិនទុកមុខឱ្យគូប្រកួត
ហើយបើជាកីឡាករសាសន៍គេផង ពិតជាទក់សាច់បែកឈាមមិនខានទេ
គ្រប់ពេលដែលត្រូវប៉ះគេ ។ អ្វីដែលគួរឱ្យកោតសរសើរបំផុត គឺវ៉ន
វីវ៉ា
មិនដែលលក់ខ្លួននៅលើរេញប្រដាល់ដែលរុញឱ្យការប្រកួតកន្លងមករបស់
គេរមែងទទួលជោគជ័យនៅពាក់កណ្តាលទី ។ ភាពអស្ចារ្យនេះ
គឺបណ្តាលមកពីគេជាកីឡាករមិនធ្លាប់លក់ឧត្តមគតិទាល់តែសោះ
ចាប់តាំងពីមានឈ្មោះល្បីល្បាញនៅលើរេញប្រដាល់ ។
មកដល់បច្ចុប្បន្នមិនទាន់មានកីឡាករកម្ពុជាណាម្នាក់ដណ្តើមបានតំណែង
ជាកីឡាករគំរូនៅក្នុងពិភពប្រដាល់ឡើយ
ពាក់ព័ន្ធនឹងបញ្ហាមិនលក់ឧត្តមគតិនៅលើរេញ
បើទោះជាអ្នកជះប្រាក់ខ្លះហ៊ានចំណាយខ្ទង់ពាន់ដុល្លារឱ្យគេលក់
ឧត្តមគតិនោះក៏ដោយ ។ នេះជាមោទនភាពមួយដែល វ៉ន វីវ៉ា សម្រេចបាន
ហើយធ្វើឱ្យអ្នកគាំទ្រភាគច្រើននៅទូទាំងកម្ពុជាកោតសរសើរ។
បុ៉ន្តែកីឡាកររូបនេះនៅតែជំពប់នូវរឿងដំឡើងឫកដាក់អ្នកកាសែត
ក្នុងពេលអ្នកកាសែតខ្លះសុំសម្ភាសន៍
និងសុំថតរូបជាលក្ខណៈបើកចំហនោះដដែល
បើយោងតាមការវាយតម្លៃភាគច្រើនពីក្រុមអ្នកសារព័ត៌មាននៅកម្ពុជា
។ ជាក់ស្តែង ក្រោយមានការរិះគន់ គេឃើញកីឡាកររូបនេះ
និងនារីជាទីស្រឡាញ់របស់ខ្លួនបានព្រួតគ្នាសរសេរនៅលើ Facebook
មិនទទួលស្គាល់ចំណុចអវិជ្ជមានរបស់ខ្លួនទៀតផង ។
អ្វីដែលគេសោកស្តាយ គឺពាក្យសម្តីរបស់ វ៉ន វីវ៉ា
បានប្រើពាក្យមកកាន់អ្នកសរសេរហើយភ្ជាប់ឃ្លាថា «...
ចង់យ៉ាងម៉េច ?» ដែលមិនខុសពីប្រកាសសង្គ្រាមជាមួយអ្នកកាសែត
ហើយមិនទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួនដើម្បីកែកុន។
ក្នុងនោះក្រុមអ្នកគាំទ្ររបស់គេខ្លះ
ក៏បានប្រើពាក្យវាយបកមកកាន់អ្នកកាសែតទាំងទទឹងទិស
ក្នុងន័យរុញទូកបណ្តោយទឹកផងដែរ
ដែលហាក់់មិនជួយផ្តល់យោបល់ឱ្យមនុស្សដែលខ្លួនគាំទ្រ
ធ្វើយ៉ាងណាគេចឱ្យផុតពីការរិះគន់ទាំងនោះសោះ ។
អ្នកឃើញការវាយបករបស់ វ៉ន វីវ៉ា និងនារីជាទីស្រឡាញ់
ព្រមទាំងអ្នកគាំទ្រពីរបីនាក់បានហៅទង្វើនោះថា
មិនទទួលស្គាល់ការពិត
និងគ្មានចេតនាផ្លាស់ប្តូរចំណុចខ្វះខាតខ្លួនឯង។
ពួកគេទំនងជាភ្លេចហើយថា កីឡាករល្បី គឺជាមនុស្សរបស់មហាជន
ដែលក្រៅពីភាពខ្លាំង ក៏ត្រូវមានអត្តចរិតរួសរាយរាក់ទាក់
ពាក្យសម្តីសមរម្យ
និងផ្តល់ការសហការប្រកបដោយភាពថ្លៃថ្នូរបន្ថែមទៀតចំពោះមនុស្សនៅ
ជុំវិញខ្លួន ពិសេសគឺអ្នកកាសែតដែលជាកញ្ចក់ឆ្លុះ ។
បើលុបបាននូវភាពចម្រូងចម្រាសជាមួយក្រុមអ្នកកាសែត វ៉ន វីវ៉ា
នឹងក្លាយជាកីឡាករតែម្នាក់គត់
ដែលពោរពេញដោយមោទនភាពនាំមុខគេនៅកម្ពុជា ។
ម្យ៉ាងអ្នកកាសែតមិនដែលចង់សរសេរអាក្រក់ពីកីឡាករក្នុងបំណងចង់បាន
អ្វីនោះទេ ក្រៅពីពញាក់អារម្មណ៍ពួកគេឱ្យផ្លាស់ប្តូរទម្លាប់
ដើម្បីក្លាយខ្លួនជាមនុស្សដែលពោរពេញដោយកិត្តិយស
ក្រោយមានឈ្មោះបោះសំឡេងជាកីឡាករល្បី ។
អ្នកកាសែតមានតែស្ថិតនៅពីក្រោយខ្នងទៅវិញទេ
នៅពេលកីឡាករមានបញ្ហា
និងខ្វះជំនួយណាមួយក្រោយពេលបាត់បង់សមត្ថភាពប្រកួត ។
ជាមួយនឹងការលើកឡើងនេះ គេកំពុងចាំមើលថា កីឡាករវ៉ន វីវ៉ា
និងអ្នកគាំទ្រខ្លះនឹងផ្លាស់ប្តូរឥរិយាបថដើម្បីកែកុនចំណុចខ្វះ
ខាតខ្លួនឯង
ឬបន្តសង្គ្រាមពាក្យសម្តីទាំងទទឹងទិសបន្តទៀតជាមួយក្រុមអ្នក
កាសែត ដែលជាអ្នកនាំពាក្យ
និងជាកញ្ចក់ឆ្លុះនូវចំណុចដែលខ្លួនឯងមើលមិនដឹង ? ទោះបីយ៉ាងណា
ក្នុងព្រឹត្តិការណ៍ប្រកួតកាលពីថ្ងៃសៅរ៍ ទី១០ ឧសភា វ៉ន វីវ៉ា
បានផ្លាស់ប្តូរដោយឱ្យកាមេរ៉ាអ្នកកាសែតបានថតដោយស្រួលផងដែរ
ខុសប្លែកពីពេលមុនៗ ៕
ប្រភពដើមៈ http://kohsantepheapdaily.com.kh/article/95682.html
No comments:
Post a Comment